ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងសង្គម



ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។

    សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។

    មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃកិច្ចជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។

    ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។

    ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕


អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន SF International Business Group មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF International Business Group និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន SF International Business Group ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈានមុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវាដឹកជញ្ជូនរហ័ស និងទំនិញធុនធ្ងន់ (Express & Freight), ភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics), សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង (Intra-City On-Demand Delivery), រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ (Supply Chain & International)។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានបំណងពង្រីកការវិនិយោគបន្ថែមមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ផ្អែកលើការសិក្សាស្រាវជ្រាវអំពីសមត្ថភាពភស្តុភារកម្មនៅកម្ពុជា រួមផ្សំនឹងការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ចិន-កម្ពុជា, ក្រុមហ៊ុន SF International Business Group មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។

    ជាការឆ្លើយតប, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន SF International Business Group និងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ (Connectivity) នៃបណ្តាញដឹកជញ្ជូនទាំងផ្លូវគោក, ផ្លូវអាកាស និងផ្លូវសមុទ្រ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។ សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវល្បឿនលឿនបន្ថែម, ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក និងកសាងព្រែកជីក ដើម្បីលើកកម្ពស់ និងគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

    ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន SF International Business Group បន្តទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់បន្ថែម និងឈានទៅចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។
    
    បច្ចុប្បន្ន, ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖
(១). ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុនសួនកម្សាន្តបារាំង Puy du Fou,
(២). ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled immersive 3D museums),
(៣). ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋារកិច្ច (F&B and Hospitality) ។

     ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ បន្ថែមលើនេះ, លោកស្រីនាយិកាប្រតិបត្តិក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ។

    ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវយន្តការផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា​ ទៅកាន់ពិភពលោក, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជា ការទស្សនាតំបន់ប្រាង្គប្រាសាទ និង ការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រី ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង​។

    ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀតនៅកម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនSCG បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសចិន និង​នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោក ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុម​ហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖ ការកសាងផ្លូវថ្នល់, ទំនប់វារីអគ្គិសនី, ស្ពានធំៗ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ បច្ចុប្បន្ន, ក្រុមហ៊ុនក៏កំពុងប្រតិបត្តិការលើគម្រោងនៃការកសាងផ្លូវជាតិចំនួន ០២ ខ្សែបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ,លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាបន្ថែមទៀត។

    ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដោយបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ជាបន្តបន្ទាប់។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម​ ដល់ពលរដ្ឋកម្ពុជា។

    ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការ​ ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕


អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកតំណាងក្រុមហ៊ុន ZTE Corporation បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង ១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។
    
    បន្ថែមពីនេះ​, លោកតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ, ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។ ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។ កន្លងមក, ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។

    ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង​ នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន ក្នុងពេលវេលាសមស្រប។
ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដោយឆ្នាំ២០២៦នេះ ជាខួបលើកទី៣២ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កាហ្សាក់ស្ថាន។ សម្ដេចធិបតីបានសម្តែងការស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ឯកសារទាំងនេះជាកាតាលីករដ៏សំខាន់ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ និងការជួបប្រជុំរវាងគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ដើម្បីស្វែងរក និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។

    បន្ថែមលើនេះ, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីបានបន្តពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល មានជាអាទិ៍៖ ពាណិជ្ជកម្ម, សន្តិសុខស្បៀង, សន្តិសុខថាមពល, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ព័ត៌មានវិទ្យា, និងកសិកម្ម។ ជាមួយគ្នានោះដែរ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមមាន៖ សន្និសីទស្តីពី អន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ផងដែរ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

    នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូន សម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អលំហសាធារណៈទីក្រុង អគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាង ១០០ នៅក្នុងប្រទេសចិន។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។ ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជាដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។ ទន្ទឹមនឹងនេះ, ប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។

    ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។
    
     ជាក់ស្តែង, កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

    នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពជម្រាបជូនសម្តេចធិបតីអំពីការទុកចិត្តរបស់វិនិយោគិន និងប្រជាជនចិនទៅលើការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរបស់កម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង ដែលប្រកបដោយថាមវន្ត និងសមត្ថភាព។ លោកប្រធានសមាគមក៏បានជម្រាបអំពីបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុង​ការស្វែងរកឱកាសធុរកិច្ច​ និងវិនិយោគ​ ក៏ដូចជាផែនការរបស់សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល (Digital Economy), ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនេះ, សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច (Business Visit) របស់សហគ្រាសចិនមកកាន់កម្ពុជានាពេលខាងមុខផងដែរ។

    ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់សមាគម និងក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ នៅកម្ពុជា និងការចាប់យកដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យSMEs នេះ​ ពិតជាមានសារៈសំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ។

    ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

    នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ, ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាបានជម្រាបជូនអំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទគឺ C919 និង C909។​ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។

    ក្នុងន័យនេះ,​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលកិច្ចសហប្រតិបត្តិការនេះ​ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុង​ការពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា​ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​,​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ ការ​អភិវឌ្ឍ​ថែទាំ​អាកាស​យានដ្ឋាន​ និង​ការ​គាំទ្រ​បច្ចេកទេស​ ជាពិសេស​ជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ក្នុងពង្រី​ក​ប្រតិបត្តិ​ការ​ បង្កេីន​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លេីក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។

    ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​ កម្ពុជា​ (Air Cambodia)។ សម្តេចធិបតីបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

    នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

    ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម លី ឈាងបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។

    ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។

    ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។
    
    មុននឹងបញ្ចប់, សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Beijing Star AI បង្ហាញ​ចំណាប់​អារម្មណ៍​ស្វែង​រក​ឱកាស​វិនិយោគ​លើ​បច្ចេកវិទ្យា AI នៅ​កម្ពុជា

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Zhang Wei ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួប​​សម្ដែងការគួរសម និង​ពិភាក្សាការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភពលោក​ស្តីពី​បញ្ញាសិប្បនិម្មិត​នៅសាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។
    
    ជាមួយគ្នានោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖
១.មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center),
២.មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center),
៣.មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center),
៤.និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។

    ជាការឆ្លើយតប, សម្ដេចធិបតី​បាន​សម្ដែង​នូវការ​អបអរ​សាទរ​ចំពោះ​ភាព​ជោគជ័យ​នៃប្រតិបត្តិការ​អាជីវកម្ម​របស់ក្រុមហ៊ុន ព្រម​ទាំង​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​បច្ចេកវិទ្យា AI នៅ​កម្ពុជា។ សម្ដេចធិបតី​បាន​គូស​បញ្ជាក់ថា វិស័យ​បច្ចេកវិទ្យា ជា​អាទិភាព​គន្លឹះ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​លើការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅកម្ពុជា។ ក្នុង​ន័យនេះ, សម្ដេចធិបតី​បានលើកទឹក​ចិត្ត​ឱ្យក្រុមហ៊ុន​បន្តការផ្សារ​ភ្ជាប់ទំនាក់​ទំនង និង​ពិភាក្សា​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ជាពិសេស ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​សិក្សា និង​ចាប់យក​កាលានុវត្តភាព​វិនិយោគ​ជាក់ស្តែង​នៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើការដំឡើង​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ នៅ​ក្នុង​ប្រទេសកម្ពុជា

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Fu Laifa នាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃ​ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃការអញ្ជើញ​បំពេញ​ទស្សន​កិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភព​លោក​ស្តីពី​បញ្ញា​សិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
    
    ក្នុងឱកាសនៃជំនួប, លោក Fu Laifa បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។ ជាមួយគ្នានោះ, លោក Fu Laifa បានគោរពជម្រាបជូនបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។

    ជាការឆ្លើយតប, សម្ដេចធិបតី​បាន​សម្ដែង​នូវការស្វាគមន៍​ចំពោះ​បំណងរ​បស់​ក្រុមហ៊ុន​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា។ សម្ដេចធិបតី​បាន​គូស​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុងយក​ចិត្តទុក​ដាក់ខ្ពស់ ក៏​ដូចជា​ជំរុញ​លើកទឹក​ចិត្ត​ដល់​ការផលិត​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែក​លើការ​នាំចូល​ផលិតផល​ទាំងស្រុង​ពី​ក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នា​ទៅនឹង​ចំណាប់​អារម្មណ៍​របស់ក្រុមហ៊ុន​ក្នុង​ការវិនិយោគ​លើ​ការបង្កើត​ខ្សែច្រវាក់​ផលិតកម្ម​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ លើស​ពីនេះ​ទៅទៀត, ប្រសិន​បើគម្រោង​វិនិយោគនេះ​ទទួល​បាន​ជោគជ័យ និងរីកចម្រើន, ក្រុមហ៊ុន​មិនត្រឹមតែ​អាចឆ្លើយតប​នឹង​តម្រូវការទីផ្សារ​កម្ពុជា​នោះទេ ប៉ុន្តែ​ថែមទាំង​អាចឈាន​ទៅដល់​ការនាំចេញ​ផលិតផល​សម្រេច​របស់ខ្លួន​ទៅកាន់​ទីផ្សារបណ្ដា​ប្រទេស​នានា​ក្នុងតំបន់ ថែមទៀតផង។

    ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Yuanda Group បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​អប់រំ កសិកម្ម និង​បច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស​នៃការអញ្ជើញ​បំពេញ​ទស្សន​កិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី​បញ្ញាសិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
    
    ក្នុងឱកាសនៃ ជំនួប, លោកនាយកក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី​អំពីប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដោយ​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន មាន​ភាព​ជា​ដៃគូ​រយៈ​ពេលវែង​ជាមួយ​ភ្នាក់ងារ​រាជរដ្ឋាភិបាល,​ សហគ្រាសរដ្ឋ ក៏​ដូចជា​បណ្ដា​សាកលវិទ្យាល័យ​នានា ទាំង​នៅក្នុង​ប្រទេសចិន និង​នៅ​ក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុន​កំពុង​ផ្ដោតការ​យកចិត្ត​ទុកដាក់​លើការវិនិយោគ​ក្នុងវិស័យ​សំខាន់ៗ រួមមាន៖វិស័យអប់រំ,កសិកម្ម, កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។ លោកនាយក​ក្រុមហ៊ុន ក៏បានគូស​បញ្ជាក់​បន្ថែមថា ដោយ​សម្លឹងឃើញ​ពីសក្ដានុពល​នៃការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​របស់​កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍​ក្នុង​ការស្វែង​រក​ឱកាស​វិនិយោគនៅក្នុងប្រទេសកម្ពុជា លើ​វិស័យ​អប់រំ, កសិកម្ម និង​បច្ចេកវិទ្យា​ឌីជីថល។

    ជាការឆ្លើយតប, សម្ដេចធិបតី​បានសម្ដែង​នូវការស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុង​ការស្វែង​រកឱកាស​វិនិយោគ​លើវិស័យ​សក្ដានុពល​នៅកម្ពុជា។ សម្ដេចធិបតី​បានគូស​បញ្ជាក់ផងដែរ​ថា វិស័យទាំង៣នេះ ដែល​រួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យ​អាទិភាព​ដែលរាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់ខ្ពស់ និង​បានដាក់ចេញ​នូវគោល​នយោបាយ ព្រមទាំង​យន្តការចាំ​បាច់​នានា ដើម្បី​គាំទ្រដល់​ការអភិវឌ្ឍ​វិស័យ​ទាំងនេះ​ឱ្យកាន់​តែរី​កចម្រើន។

    សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំង​បន្តផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​លម្អិត​ជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក និង​ចាប់យក​ឱកាស​វិនិយោគ​ជាក់ស្តែង​នៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។

    ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើនេះ, សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។

    មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤ លាននាក់ នៅជុំវិញពិភពលោក។ បន្ថែមពីនេះ, លោកអនុប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។

    ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យនៃបណ្តាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍ចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យ ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

    ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តទាំងនោះ ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ

    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះ​គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន​ដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

    បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។ លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវភាពរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា​ នាពេលអនាគត។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម។ លោកប្រធាន​ក្រុម​ហ៊ុន​ក៏បានបញ្ជាក់ថាក្រុមហ៊ុនកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ដើម្បីកៀរគរក្រុមហ៊ុនទាំងនោះមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។

    ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន​នៅកម្ពុជា។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក​ ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា វិស័យថាមពល​ ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល​ ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈក្របខ័ណ្ឌបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
    
    មុននឹងបញ្ចប់, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន China Energy International បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

    ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ, កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

    ជាទីបញ្ចប់, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ ជាមួយគ្នានោះ, សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

    នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត​ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

    ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុន CRCC បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេចនូវគម្រោងសំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា។ លើសពីនេះទៅទៀត, លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ។

    ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងគម្រោងធំៗនៅកម្ពុជា ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគ។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង, ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ និងពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកផងដែរ។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីក្តាប់យកឱកាស និងប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះឱ្យលេចចេញជារូបរាងជាក់ស្តែងនាពេលអនាគត៕

អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 89